Thursday, September 20, 2012

ការងារ​ស្ត្រេស​ខ្លាំង​ប្រឈម​នឹង​ជំងឺ​បេះដូង

តាម​ការ​សិក្សា​ថ្មី​មួយ​របស់​ក្រុម​ស្រាវជ្រាវ​មក​ពី University College London ​បាន​​រក​ឃើញ​ថា ​ការ​ធ្វើ​ការងារ​ដែល​មាន​ភាព​ស្ត្រេស​ខ្លាំង​ ងាយ​នឹង​ប្រឈម​នឹង​ជំងឺ​បេះដូង។ ​បើ​ទោះ​ជា​ការ​រក​ឃើញ​ថ្មី​បង្ហាញ​ លទ្ធផល​បែប​នេះ​ក្ដី​ ​តែ​វា​មិន​គ្រោះថ្នាក់​ខ្លាំង​ដូច​ជា ​ការ​ជក់​បារី ​និង​ការ​មិន​បាន​ហាត់​ប្រាណ​នោះ​ទេ។

 ការ​សិក្សា​ ដែល​ចុះ​ក្នុង​ទិនានុប្បវត្តិ​វេជ្ជសាស្ត្រ the Lancet ​នេះ​បាន​​សិក្សា​វាយតម្លៃ​ទៅ​លើ​ ការ​សិក្សា​ដែល​​ធ្លាប់​​ធ្វើ​ពី​មុនៗ​មក​ចំនួន​ ១៣ ​ក្នុង​ទ្វីប​អឺរ៉ុប។ ​ការ​សិក្សា​ទាំងនោះ​ធ្វើ​ឡើង​លើ​មនុស្ស​ប្រមាណ​ ២០ ​ម៉ឺន​នាក់​ ​ហើយ​រក​ឃើញ​ថា ​សម្ពាធ​ការងារ​បង្កើន​​ការ​ប្រឈម​នឹង​ជំងឺ​បេះដូង​រហូត​ដល់​ ២៣​% ។ បើ​និយាយ​ពី​វេជ្ជបណ្ឌិត​ដែល​មិន​មាន​តួនាទី​ក្នុង​ការ​សម្រេច​ចិត្ត​ធំៗ ​មាន​សម្ពាធ​តិច​ជាង​អ្នក​ដែល​ធ្វើ​ក្នុង​ការ​សង្វាក់​ផលិតកម្ម​រោងចក្រ។
​ សាស្ត្រាចារ្យ​ម្នាក់​ដែល​ចូលរួម​ក្នុង​ការ​សិក្សា​នេះ​​គឺ​លោក Mika Kivimaki ​បាន​លើក​ឡើង​ថា ​របក​គំហើញ​ថ្មី​នេះ​ផ្អែក​លើ​ការងារ​តូចៗ​​ដែល​​​ជាប់​គ្នា​រដឹក​ និង​ជា​​មូលហេតុ​នៃ​សម្ពាធ​​​​​បង្ក​​ជំងឺ​គាំង​បេះដូង ​ឬ​ដាច់​សសៃ​ឈាម​បេះដូង។ ​
​​ក្រុម​ អ្នក​ស្រាវជ្រាវ​​ក៏​បាន​និយាយ​ដែរ​ថា ​ការ​កាត់​បន្ថយ​សម្ពាធ​ការងារ​​អាច​ជួយ​ការពារ​ ៣,៤% ​ខណៈ​ការ​ផ្ដាច់​បារី​កាត់​បន្ថយ​បាន​ ៣៦%៕
​ប្រែ​សម្រួល៖ Zac
ប្រភព៖​ BBC
http://news.sabay.com.kh/articles/302653

ទទួល​ទាន​ចេក​ទុំបង្កា​ជំងឺ​​មហារីក

ចេក​ជា​ផ្លែឈើ​មួយ​ប្រភេទ​ដែល​ពុក​ម៉ែ​បង​ប្អូន​ប្រជាជន​ខ្មែរ​យើង​ពេញ​និយម ​ទទួល​ទាន​យ៉ាង​ខ្លាំង តាំង​ពី​នៅ​ខ្ចី​រហូត​ដល់​ទុំ។ ក្រៅ​ពី​មាន​រសជាតិផ្អែម​​ឆ្ងាញ់​ពិសា​ ចេក​ក៏​ផ្ដល់​នូវ​អត្ថប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​អ្នក​ទទួលទាន ជា​ពិសេស​ចេក​ទុំ​ដែល​មាន​ស្នាម​អុជ​ខ្មៅ​លើ​សំបក​តែ​ម្ដង។ មូល​ហេតុ​អ្វី​បាន​ថា​ចេក​ទុំ​មាន​ស្នាម​អុជ​មាន​គុណប្រយោជន៍​?

យោង​តាម​ការស្រាវជ្រាវ​បែប​វិទ្យាសាស្ត្រ​ របស់ប្រទេស​​ជប៉ុន​កាល​ពី​ថ្មីៗ​នេះ​បាន​ឲ្យ​ដឹង​ថា ចេក​ទុំ​ជោរ​ដែល​មាន​ស្នាម​អុជៗ​ពណ៌​ខ្មៅ​លើ​សំបក មាន សារធាតុ TNF (Tumor Necrosis Factor) ដែល ​មាន​សមត្ថភាព​កម្ចាត់​កោសិកា​មិន​ប្រក្រតី (កោសិកា​មហារីក)។ ស្នាម​អុជ​កាន់​តែ​ខ្មៅ ចេក​កាន់​តែ​មាន​គុណភាព​បង្កើត​ភាព​ស៊ាំ​ក្នុង​រាងកាយ​ទល់​នឹង​កោសិកា​ មហារីក។ ដូច្នេះ ទទួល​ទាន​ចេក​ទុំ ១ ឬ ២ ផ្លែ ជា​រៀងរាល់​ថ្ងៃ ដើម្បី​បង្កើន​ភាព​ស៊ាំ​ក្នុង​រាងកាយ​ប្រឆាំង​នឹង​កោសិកា​មហារីក។
ការ ​ពិត​ទៅ ជីវជាតិ​នៅ​ក្នុង​ផ្លែឈើ​ប្រែប្រួល​បន្តិច នៅ​ពេល​ទុំ ដូច​ជា​ចេក​ជា​ដើម។ ពេល​ចេក​ទុំ និង​ប្រែ​ពណ៌​សំបក​ទៅ​ជា​ពណ៌​លឿង នោះ​កម្រិត​នៃ​សារធាតុ​ប្រឆាំង​នឹង​មេរោគ​ជំងឺ​ផ្សេងៗ ក៏​កាន់​តែ​កើន​ឡើង​ដែរ។ សារធាតុ​ប្រឆាំង​មេរោគ​ទាំង​នេះ ការពារ​រាងកាយ​មិន​ឲ្យ​មាន​ជំងឺ​មហារីក និង​បេះដូង។

ទោះ​បី​ជា​យ៉ាង​ណា​ក៏​ដោយ បើ​ចេក​ទុំ​ជោរ​ពេក​រហូត​ដល់​សំបក​ប្រេះ​ចេញ​សាច់ នោះ​វា​នឹង​បាត់​បង់​សារធាតុ​បំប៉ន ដូចជា​វីតាមីន និង​រ៉ែ។ ម្យ៉ាង​ទៀត ចេក​ទុំ​មាន​ស្នាម​អុជ​ខ្មៅ សម្បូរ​ជាតិ​សរសៃ និង​ស្ករ​ដែល​ជួយ​ដល់​ការ​រំលាយ​អាហារ តែ​ប៉ះពាល់​ដល់​អ្នក​ជំងឺ​ទឹកនោម​ផ្អែម ដោយសារ​តែ​វា​បង្កើន​កម្រិត​គ្លុយកូស (ស្ករ) ក្នុង​ឈាម​ភ្លាមៗ។
ចេក ​ទាំង​សំបក​បៃតង ទាំង​សំបក​លឿង ជា​អាហារ​មាន​ជាតិ​សរសៃ​ខ្ពស់​ដែល​សម្បូរ​ជាតិ​ប៉ូតាស្យូម វីតាមីន B6 និង​វីតាមីន C និង​មាន​កាឡូរី​ខ្ពស់ ដោយសារ​មាន​ជាតិ​ស្ករ​ខ្ពស់។ ចេក​ទំហំ​មធ្យម​មួយ​ផ្លែ ផ្ដល់​ថាមពល​ប្រមាណ​ជា ១០៥ កាឡូរី​ឯណោះ។ ដូច្នេះ ទទួល​ទាន​ចេក ១ ឬ ២​ផ្លែ ដើម្បី​សុខភាព​ល្អ៕
ប្រែ​សម្រួល៖ សុផាត
ប្រភព និង​រូបភាព៖ hoaxorfact.com
http://news.sabay.com.kh/articles/297933

ក្រូចត្លុងមានសារៈប្រយោជន៍ចំពោះសុខភាព

អ្នកចូលចិត្តបរិភោគក្រូចត្លុង ដោយសារវាល្អសម្រាប់ការរំលាយអាហារផង និងជួយបញ្ចុះទម្ងន់ ដូច្នេះក្រូចត្លុងអាចព្យាបាលជំងឺគ្រុនក្តៅ និងជំងឺផ្តាសាយ ទឹកក្រូចត្លុងជួយអ្នកជំងឺឱ្យមាន សុខភាពល្អឡើងវិញក្រោយជំងឺគ្រុនក្តៅ បន្ថយអារម្មណ៍ក្តៅរោលរាលដោយសារសីតុណ្ហភាព សរីរាង្គឡើងខ្ពស់ និងជាឱសថមានតម្លៃចំពោះជំងឺគ្រុនផ្តាសាយ ។ ក្រូចត្លុងមាន ប្រយោជន៍ បំផុតក្នុងការដោះស្រាយបញ្ហាហើមពោះ ពិបាករំលាយអាហារវាធ្វើឱ្យថយចុះកម្តៅ និងរំញោច សកម្មភាពរបស់ក្រពះ កែប្រែឱ្យប្រសើរចរន្តហូររបស់រំអឹលរំលាយអាហារ ជួយសរីរាង្គរំលាយ អាហារល្អជាង ។

សម្រាប់អ្នកជំងឺទឹកនោមផ្អែម គួរបរិភោគក្រូចត្លុងមួយផ្លែក្នុងមួយថ្ងៃ វាអាចរារាំងបរិមាណម្សៅ បញ្ចូលទៅក្នុងសរីរាង្គ ហេតុនេះជួយបន្ថយក្តីបារម្ភអំពីជំងឺទឹកនោមផ្អែម។ ផឹកទឹកក្រូចត្លុងស្រស់ មួយកែវនៅពេលព្រឹកល្អបំផុតដើម្បីគ្រប់គ្រងអាការៈទល់លាមក ។

ការផឹកទឹកក្រូចត្លុង៥៣០មិល្លីលីត្រក្នុងមួយថ្ងៃ នឹងធ្វើឱ្យសកម្មភាពរបស់ CYPIA2 ដែលជាអង់ហ្ស៊ីម មួយរំញោចសកម្មភាពរបស់សារជាតិគីមី បង្កជំងឺមហារីកក្នុងផ្សែងបារីថយចុះគួរឱ្យកត់សម្គាល់ ។ ក្រៅពីនេះ ក្រូចត្លុង សម្បូរសារជាតិ flavonoid មានឥទ្ធិពលដូចជា សារជាតិប្រឆាំងអុកស៊ីតកម្ម ធម្មជាតិ១ ការពារនិងទប់ស្កាត់សកម្មភាពរបស់ពពួកសារជាតិបង្កមហារីក៕

http://www.healthcambodia.org/posts/9523

គុណប្រយោជន៍​ផ្លែ​ទទឹម​​​ចំពោះ​សុខភាព

ទទឹម​ជា​ដើមឈើ​មួយ​បែប​ដែល​ប្រជាពលរដ្ឋ​ខ្មែរ​កាត់​ចិន ឬ​ចិន​សុទ្ធ និយម​ដាំ​នៅ​មុខ​ផ្ទះ និង​បរិវេណ​ផ្ទះ ដើម្បី​យក​ផ្លែ និង​សម្រាប់​ដេញ​ឧប​ទ្រុឌ​ចង្រៃ។ តាម​អប្បិយជំនឿ​ ស្លឹក​ទទឹម​ត្រូវ​គេ​យក​មក​កូរ​ទឹក​ក្នុង​ផ្តិល រួច​លុបលាង​មុខ ដើម្បី​ដេញ​ភាព​ចង្រៃ ដែល​កើត​ដោយ​សារ​ឆុង​ឆ្នាំ (ឧ. ក្រោយ​ពី​ចូល​រួម​បុណ្យ​សព)។


ចំណែក​ផ្លែ​វិញ បើ​តាម​វិទ្យាសាស្ត្រ​ បាន​ឲ្យ​ដឹង​ថា វា​ផ្ដល់​នូវ​គុណប្រយោជន៍​យ៉ាង​ច្រើន​ដល់​សុខភាព​យើង។ អីចឹង ចង់​ដឹង​ថា អត្ថប្រយោជន៍​យ៉ាងណា​នោះ សូម​តាម​ដាន​ខាង​ក្រោម​បន្តិច!
១. ការពារ​ជំងឺ​មហារីក​សុដន់
ការ ​សិក្សា​ស្រាវជ្រាវ​ជា​ច្រើន​ដែល​ធ្វើ​ឡើង​នៅ​ប្រទេស​អ៊ីស្រាអែល​បាន​បង្ហាញ ​ថា ទឹក​ទទឹម (ចម្រាញ់​ពី​ផ្លែ) អាច​កម្ចាត់​កោសិកា​មហារីក​សុដន់​បាន និង​បំប៉ន​កោសិកា​ធម្មតា​ឲ្យ​មាន​សុខភាព​ល្អ។ ដូច្នេះ វា​អាច​ការពារ​មិន​មាន​កោសិកា​មហារីក​សុដន់​កកើត​ឡើង​បាន។

២. ការ​ពារ​មហារីក​សួត
ការ​ពិសោធ​លើ​សត្វ​កណ្ដុរ​បង្ហាញ​ថា ទឹក​ទទឹម​អាច​រារាំង​មិន​ឲ្យ​កើត​មាន​ជំងឺ​មហារីក​សួត​បាន។
៣. បន្ថយ​ល្បឿន​មហារីក​ក្រពេញ​ប្រូ​ស្តាត
ទឹក​ទទឹម​កាត់​បន្ថយ​កំណើន ឬ​ល្បឿន​នៃ​មហារីក​ក្រពេញ​ប្រូ​ស្តាត​នៅ​ក្នុង​សត្វ​កណ្ដុរ។
៤. ការ​ពារ​ខួរ​ក្បាល​ទារក​
ស្ត្រី​ពរ​ពោះ ញ៉ាំ​ទឹក​ទទឹម​ជា​ប្រចាំ អាច​ការពារ​ខួរ​ក្បាល​​​ទារក​​ទើប​នឹង​កើត​មិន​ឲ្យ​មាន​បញ្ហា ក្រោយ​ពី​សម្រាល។
៥. ការ​ពារ​រោគ​ឈឺ​សន្លាក់​ឆ្អឹង
ការ​សិក្សា​ជា​ច្រើន​បង្ហាញ​ថា ទឹក​ទទឹម អាច​ការពារ​មិន​ឲ្យ​សន្លាក់​ឆ្អឹង​ខ្ចី​សឹក​រេច​រឹល​នាំ​ឲ្យ​ឈឺ​សន្លាក់។
៦. ការពារ​ជំងឺ​ភ្លេចភ្លាំង
ទឹក ​ទទឹម​អាច​ការពារ និង​កាត់​បន្ថយ​ជំងឺ​ភ្លេចភ្លាំង​បាន​យ៉ាង​មាន​ប្រសិទ្ធភាព។ ក្នុង​ការ​ពិសោធន៍​​មួយ កណ្ដុរ​ត្រូវ​គេ​ចាក់​ថ្នាំ​បង្កើត​ជំងឺ​ភ្លេច​ភ្លាំង ហើយ​ឲ្យ​ផឹក​ទឹក​ទទឹម។ បន្ទាប់​មក កណ្ដុរ​ទាំង​នោះ ចាប់​ផ្ដើម​មាន​ការ​ចង​ចាំ​ល្អ​ឡើង​វិញ។
៧. បន្ថយ​សម្ពាធ​ឈាម
ញ៉ាំ​ទឹក​ទទឹម ៥០ ក្រាម​រៀង​រាល់​ថ្ងៃ​ នឹង​កាត់​បន្ថយ​សម្ពាធ​ឈាម​ច្របាច់​ចេញ​ពី​បេះដូង​ចំនួន ៥ ភាគរយ។
៨. ការពារ​ធ្មេញ
ការ ​សិក្សា​ស្រាវជ្រាវ​បង្ហាញ​ថា ញ៉ាំ​ទឹក​ទទឹម អាច​ជា​មធ្យោបាយ​តាម​បែប​ធម្មជាតិ​មួយ ដើម្បី​ការ​ពារ​មិន​ឲ្យ​កំណក​បាក់តេរី​នៅ​​​ជាប់​ធ្មេញ។

http://news.sabay.com.kh/articles/289320

Thursday, January 12, 2012

Key Point for Interview

គន្លឹះ​សំខាន់​អំពីការ​​​សម្ភាស​ការងារ! 


បទ​សម្ភាស​អាច​ជា​ដំណាក់​កាល​ទី​ពីរ​ក្នុង​ការ​ស្វែង​រក​ការងារ​ បន្ទាប់​ពី​អ្នក​ត្រូវ​បាន​ជម្រុះ​ដោយ​ការ​ពិនិត្យ​មើល​ប្រវត្តិ​រូប​សង្ខេប ​ (CV) ​ជាមួយ​បេក្ខជន​ដទៃ​រួច​ហើយ​នោះ។ ​ចំពោះ​អ្នក​ធ្លាប់​ ឆ្លង​កាត់​ការ​សម្ភាស​ច្រើន​ដង​ គេ​អាច​​ប្រមូល​អារម្មណ៍​​បាន​ល្អ​ ក្នុង​ការ​ឆ្លើយ​សំណួរ​ទាំង​ឡាយ​​ឲ្យ​បាន​ត្រឹម​ត្រូវ។ ​ដោយ​ឡែក​ ប្រសិន​បើ​អ្នក​មិន​ធ្លាប់​ទទួល​បាន​ការ​សម្ភាស​ពី​មុន​មក​ ការ​គ្រប់​គ្រង​អារម្មណ៍​ និង​ការ​ត្រៀម​ខ្លួន​ឲ្យ​បាន​ត្រឹម​ត្រូវ​ ជា​រឿង​ដែល​​មិន​អាច​មើល​រំលង។ ​ខាងក្រោម​នេះ ​ជា​​អ្វី​ដែល​អ្នក​គួរ​យល់​ដឹង ​មុន​ ​អំឡុង និង​ក្រោយ​ពេល​សម្ភាស​។


មុនពេល​សម្ភាស
  • ត្រូវ​ឲ្យ​ច្បាស់​ថា​រាល់​ព័ត៌មាន​នៅ​ក្នុង​ CV ​របស់​អ្នក​បាន​កែ​សម្រួល​ជាមួយ​ព័ត៌មាន​ថ្មីៗ​អំពី​អ្នក
  • អ្នក​ត្រូវ​សិក្សា​ពី​ប្រវត្តិ​ខ្លះៗ​របស់​ក្រុមហ៊ុន​ដែល​អ្នក​ដាក់​ពាក្យ
  • ត្រៀម​សំណួរ​មួយ​ចំនួន​ដែល​ទាក់ទង​នឹង​ការងារ​ និង​ក្រុមហ៊ុន​ដែល​អ្នក​ដាក់ពាក្យ​សម្រាប់​សួរ​នៅ​ក្នុង​កិច្ច​សម្ភាស
  • អនុវត្ត​និយាយ​ឲ្យ​បាន​ច្បាស់ និង​មាន​អំណះអំណាង​ត្រឹម​ត្រូវ​ពាក់ព័ន្ធ​នឹង​ការ​សិក្សា និង​ប្រវត្តិ​ការងារ​របស់​អ្នក
  • អនុវត្ត​ស្លៀកពាក់​ឲ្យ​បាន​សមរម្យ និង​ត្រឹមត្រូវ​តាម​ប្រភេទ​ការងារ​ដែល​អ្នក​ចង់​ធ្វើ
  • ហាត់​សម​​ឲ្យ​បាន​ច្រើន​មុន​ពេល​សម្ភាស​ដោយ​និយាយ​ជាមួយ​ខ្លួន​ឯង​ក្នុង​កញ្ចក់​ជាដើម
  • ត្រូវ​ទៅ​ស្គាល់​កន្លែង​សម្ភាស​ឲ្យ​ហើយ ​ដើម្បី​ជៀសវាង​ទៅ​ដល់​​យឺត​ពេល​នៅ​​ថ្ងៃ​សម្ភាស​​ដោយ​មិន​ស្គាល់​ទីតាំង
  • គេង​ឲ្យ​បាន​គ្រប់​គ្រាន់​​មុន​ថ្ងៃ​សម្ភាស​មួយ​ថ្ងៃ
ថ្ងៃ​សម្ភាស
  • ស្រស់​ស្រូប​អាហារ​សម្រន់​បន្តិច​មុន​ទៅ​សម្ភាស
  • មិន​ត្រូវ​បាញ់​ទឹក​អប់​ដែល​មាន​ក្លិន​ខ្លាំង​ពេក​នោះ​ទេ
  • ចេញ​ដំណើរ​ឲ្យ​បាន​មុន​ម៉ោង​បន្តិច​ដើម្បី​ជៀសវាង​ការ​យឺតយ៉ាវ
អំឡុង​ពេល​សម្ភាស
  • បិទ​ទូរស័ព្ទ​ ឬ​ដាក់​ញ័រ
  • មិន​ត្រូវ​ទំពា​ស្ករ​កៅស៊ូ​នោះ​ទេ
  • ជម្រាប​សួរ ឬ​ចាប់​ដៃ​អ្នក​ធ្វើ​សម្ភាស​ដោយ​ស្នាម​ញញឹម និង​​ភាព​ម៉ត់ចត់
  • ស្ដាប់​សំណួរ​ឲ្យ​បាន​ច្បាស់​ឆ្លើយ​ឲ្យ​ចំ​សំណួរ​តាម​ការ​​ចង់​បាន ​មិន​វែង​ពេក ​មិន​ខ្លី​ពេក​ និង​សម្លឹង​កែវ​ភ្នែក​អ្នក​ដែល​សួរ​សំណួរ​មក​អ្នក​រាល់​ពេល​ឆ្លើយ​សំណួរ
  • សម្ដែង​ចំណាប់​អារម្មណ៍​លើ​មុខ​ដំណែង​របស់​អ្នក
  • ជៀសវាង​ការ​ប្រើ​កាយវិការ​ឆ្ការ​ដៃ​ ឆ្ការ​ជើង​ហួស​ហេតុ
  • ជៀសវាង​ការ​និយាយ​កាត់​សម្ដី​អ្នក​ធ្វើ​សម្ភាស
  • មិន​ត្រូវ​ផ្ដោត​សំខាន់​លើ​រឿង​ប្រាក់​ខែ​ពេក​ទេ
  • ត្រូវ​កត់​ត្រា​រាល់​សំណួរ​ដែល​អ្នក​បាន​សួរ​​ទៅ​អ្នក​ធ្វើ​សម្ភាស
  • នៅ​ចុង​បញ្ចប់​ត្រូវ​ចាប់​ដៃ ​ឬ​ជម្រាបលា ​ញញឹម និង​សម្ដែង​​ពី​ចំណាប់​អារម្មណ៍​របស់​អ្នក​ដោយ​និយាយ​នូវ​ពាក្យ​ដូចជា “​ខ្ញុំ​សង្ឃឹម​ថា​នឹង​មាន​ឱកាស​បាន​ធ្វើការ​រួម​គ្នា​នៅ​ពេល​ឆាប់ៗ​ជាមួយ​ អ្នក” ជាដើម
បន្ទាប់​ពី​ការ​សម្ភាស
  • អ្នក​អាច​ផ្ញើ ​អ៊ីមែល ​ថ្លែង​អំណរ​គុណ​អ្នក​ធ្វើ​សម្ភាស ​និង​បញ្ជាក់​​ជំនឿ​ចិត្ត​របស់​អ្នក
នេះ​គ្រាន់​ជា​ គន្លឹះ​មួយ​ចំនួន​ប៉ុណ្ណោះ សង្ឃឹម​ថា​​ ​ប្រិយមិត្ត​​​ទទួល​បាន​ជោគ​ជ័យ​​លើ​ការ​ទទួល​បាន​ការ​ងារ៕

Friday, December 9, 2011

Increase your Remember

ធ្វើ​ម៉េច​បើ​ចេះ​តែ​ភ្លេច​ចឹង?

ភាព​ភ្លេច​ភ្លាំង​ជា​រឿង​ធម្មតា​ ប៉ុន្តែ​ការ​ភ្លេច​ភ្លាំង ​ការងារ​សំខាន់​អាច​ឲ្យ​អ្នក​ជួប​បញ្ហា​ធំៗ​បះសក់​​តែ​ម៉ង​។ ពេល​ខ្លះ​ អ្នកបន្ទោស​ខ្លួន​ឯង​ថា​ ក្មេង​សោះ​មិន​សម​ភ្លេច​ចឹង​សោះ! និង​ពេល​ខ្លះ​ទៀត​ អ្នក​រក​នឹក​អ្វី​ដែល​អ្នក​​ចង់​និយាយ​មុន​នេះ​បន្តិច​មិន​ឃើញ​ និង​ខឹង​សម្បារ​នឹង​ខ្លួនឯង។ ដើម្បី​ឲ្យ​អ្នក​មាន​ការ​ចង​ចាំ​ល្អ​ អ្នក​ត្រូវ​បង្វឹក​ខួរ​ក្បាល​របស់​អ្នក។ ការ​បង្វឹក​ខួរ​ក្បាល​នេះ​ មិន​មែន​ជា​រឿង​ងាយ​នោះ​ទេ​ ដូច្នេះ​ត្រូវ​ចាប់​ផ្ដើម​​ឲ្យ​បាន​ត្រឹម​ត្រូវ​។


១. អាយុ
ការ​ចង​ចាំ​ជា​អ្វី​ ដែល​អ្នក​ត្រូវ​ប្រើ​ជា​រៀង​រាល់​ថ្ងៃ បើ​មិន​ដូច្នេះ​ទេ​អ្នក​មិន​អាច​សម្រេច​ការងារ​ទាន់​ពេល​ឡើយ​។ ​ខួរ​ក្បាល​ពិត​ជា ​មាន​ឥទ្ធិពល​ខ្លាំង​ណាស់​ ប៉ុន្តែ​វា​ អាច​នឹង​សឹក​រេចរឹល​ប្រសិន​ បើ​មិន​​ថែរក្សា​ឲ្យ​បាន​ត្រឹម​ត្រូវ។ ដូច្នេះ​ វា​អាស្រ័យ​ទៅ​លើ​ខ្លួន​អ្នក​ ជា​អ្នក​ហ្វឹក​ហាត់​ខួរ​ក្បាល​ឲ្យ​ធ្វើការ​ដល់​ចំណុច​អតិបរមា​របស់​វា។ ​ចំណុច​មួយ​ ដែល​ពាក់ព័ន្ធ​នឹង​ការ​ចុះ​ខ្សោយ​​នេះ​ អាច​បណ្ដាល​មក​ពី​វ័យ​ចំណាស់ និង​ការ​ប្រែប្រួល​អ័រម៉ូន​ស្ត្រី។​ ​ប៉ុន្តែ​មនុស្ស ​ដែល​មាន​វ័យ​ក្មេង​ក៏​អាច​មាន​ការ​ប៉ះពាល់​ផង​ដែរ ដោយ​សារ​ ការ​មិន​យក​ចិត្ត​ទុក​ដាក់​ទៅ​លើ​សុខភាព​រាង​កាយ​ ឬ​ក៏​មិន​​ភាព​ខ្ជិល​ច្រអូស​ទាក់​ទង​នឹង​ការ​គិត​ និង​ធ្វើ​អ្វី​ៗ​ផ្សេងៗ។ ដូច្នេះ ​ត្រូវ​ថែរក្សា​សុខភាព​របស់​អ្នក​កុំ​ឲ្យ​ទ្រុឌ​ទ្រោម​ទៅ​តាម​អាយុ។
២. ធ្វើ​ការងារ​សិល្បៈ
ជំហាន​ដំបូង​ គឺ​ត្រូវ​ធ្វើ​អ្វី​ដោយ​ការ​គិត​របស់​អ្នក។ ​ព្យាយាម​ធ្វើ​អ្វី​ស្រួល​ៗ​ដែល​ខុស​ពី​ធម្មតា។ ឧទាហរណ៍​ ដូច​ជា​ ធម្មតា​អ្នក​ទទួល​ទូរស័ព្ទ​ដោយ​ដៃ​ស្ដាំ អ្នក​អាច​ប្ដូរ​មក​ប្រើ​ដៃ​ឆ្វេង​ជំនួស​វិញ។ អ្នក​អាច​ ធ្វើ​ដូច​នេះ​ចំពោះ​គ្រប់​រឿង​ដែល​អ្នក​ធ្វើ​ វា​អាច​មាន​អារម្មណ៍​ថា​ ឆ្គង​នៅ​ពេល​ដំបូង​​ ប៉ុន្តែ​ខួរ​ក្បាល​អ្នក ​នឹង​ដំណើរ​ការ​ខ្លាំង​​នៅ​ពេល​ដែល​អ្នក​ធ្វើ​ដូច​នោះ។
ចំណុច​មួយ​ផ្សេង​ទៀត​ គឺ​សាកល្បង​ធ្វើ​អ្វី​ដែល​អ្នក​មិន​ធ្លាប់​ធ្វើ​ពី​មុន​មក នឹង​អាច​ជំរុញ​ឲ្យ​ខួរ​ក្បាល​របស់​អ្នក​ប្រឹង​ខ្លាំង​ឡើង។ មិន​កំណត់​ថា​ការងារ​នោះ​ ទាក់​ទង​ទៅ​នឹង​អារម្មណ៍ កាយសម្ព័ន្ធ ឬ​ទាំង​ពីរ​នេះ​លាយ​បញ្ចូល​គ្នា​ទេ​​​ដូច​ជា​ ការ​ហាត់ប្រាណ​បែប​យូហ្គា លេង​អុក វាយ​តិន្នីស គូរ​គំនូរ​សិល្បៈ។ល។


៣. ធ្វើ​ចិត្ត​ឲ្យ​ស្ងប់
ការ​រៀន​ជា​គន្លឹះ​ដ៏​ចម្បង​ក្នុង​ការ​ហ្វឹកហាត់​​ខួរ​ក្បាល​ឲ្យ​មាន​ការ​ចង ​ចាំ​ខ្ពស់។​ អ្នក​អាច​សាកល្បង​​កែ​លម្អ​ការ​ចង​ចាំ​របស់​អ្នក​ដោយ​ការ​ធ្វើ​អ្វី​មួយ​ដោយ ​បិទ​ភ្នែក។ ឧទាហរណ៍​ដូច​ជា ​សាកល្បង​បិទ​ភ្នែក​ស្លៀកពាក់​ខោអាវ ​ស្បែក​ជើង​ និង​ស្រោម​ជើង​ដូច​ជា​អ្នក​ជា​មនុស្ស​ពិការ​ភ្នែក​ដូច្នោះ​ដែរ។
ការ​អាន​ជា​វិធី​ដ៏​ល្អ​មួយ​ទៀត​ដើម្បី​បង្កើន​ការ​ចងចាំ​របស់​អ្នក​ ជា​ពិសេស​នៅ​ពេល​ដែល​អ្នក​អាន​អ្វី​ដែល​​អ្នក​មិន​ធ្លាប់​ជួប​។ ហើយ​ប្រសិន​បើ​អ្នក​រស់​នៅ​ក្នុង​បរិស្ថាន​ដែល​មាន​ភាព​ស្ងប់​ស្ងាត់​​នោះ​ រឹត​តែ​អាច​ឲ្យ​អ្នក​មាន​ការ​ចងចាំ​ល្អ​​ថែម​ទៀត​។

៤. ធ្វើ​លំហាត់​ប្រាណ
លេង​​ល្បែង​ នានា​ជា​លក្ខណៈ​ប្រស្នា​។ ​ការ​ធ្វើ​បែប​នេះ​អាច​ធ្វើ​ ឲ្យ​​អ្នក​ហ្វឹកហាត់​ដុស​ខាត់​ខួរ​ក្បាល​ដោយ​ការ​គិត​។ និង​ចុង​ក្រោយ​បង្អស់​ គឺ​ការ​ហាត់​ប្រាណ។ ត្រូវ​ចាំ​ថា​ ខួរ​ក្បាល​គ្រប់គ្រង​រាង​កាយ​ទាំង​មូល​របស់​អ្នក ដូច្នេះ​នៅ​ពេល​ដែល​អ្នក​ធ្វើ​លំហាត់​ប្រាណ​ខួរ​ក្បាល​អ្នក​នឹង​ប្រឹង​​ធ្វើ ​ការ​ដូច​គ្នា។

Sex Steps to be good team Work

៦​ចំណុច​យល់​ដឹង​ពី​ស្មារតី​ក្រុម
ក្រុមហ៊ុន​​ ដែល​មានចង្វាក់​ការងារ​ ជា​ក្រុម​ដែល​យល់​ចិត្ត​គ្នា​ រមែង​តែង​​ប្រកប​ដោយ​សក្ដានុពល រីក​ចម្រើន និង​មាន​កម្លាំង​​ចិត្ត​ ជាង​កន្លែង​ការងារ​ដែល​​ដទៃ​។ ​និយោជិក​តែង​​មាន​ទឹក​ចិត្ត​ធ្វើការ​នៅ​កន្លែង​ដែល​មាន​ស្មារតី​ក្រុម​​ ព្រោះ​ពួក​គេ​អាច​ធ្វើ​ការ​ប្រកប​ដោយ​វិជ្ជា​ជីវៈ​ យល់​ចិត្ត​គ្នា​​ និង​មិន​សូវ​មាន​សម្ពាធ​ខ្លាំង។​ ប្រសិន​បើ​ អ្នក​ជា​ប្រធាន​ក្រុម ឬ​នាយក​ក្រុមហ៊ុន​ អ្នក​អាច​រៀប​ចំ​ បែង​ចែក​ការងារ​លក្ខណៈ​ជា​ក្រុម ព្រោះ​​ការងារ​​ ​លក្ខណៈ​​ជា​ក្រុម​បែប​នេះ​ អាច​ឲ្យ​អ្នក​សម្រេច​បាន​រហ័ស​ប្រកប​ដោយ​ប្រសិទ្ធភាព​ ​និង​ទទួល​បាន​ផ្លែ​ផ្កា​ធំធេង​។​ ដូចនេះ​តើ​មាន​វិធី​បែប​ណា ​ដើម្បី​បង្កើត​ស្មារតី​ក្រុម? សាកល្បង​​វិធី​ដែល​ Sabay ​លើក​យក​នេះ​មើល៍​!


១. ប្រាប់​ពី​​គោល​បំណង​សកម្មភាព​​រួម​ដល់​គ្នា។ ក្រុម​ការងារ​អ្នក​​ បង្កើត​​ឡើង​ក្នុង​គោល​បំណង​ជាក់​លាក់​មួយ​ ដូច្នេះ​ត្រូវ​ប្រាប់​គ្រប់​សមាជិក​ឲ្យ​បាន​ដឹង​ពី​គោល​ដៅ​រួម​របស់​ក្រុម ដើម្បី​ឲ្យ​គេ បាន​យល់​ច្បាស់​ថា​ តើ​ការងារ​ដែល​គេ​ធ្វើ​គឺ​ដើម្បី​សម្រេច​អ្វី។​ ក្រោយ​ពី​បាន​ដឹង​ពី​គោល​បំណង​ក្រុម​ហើយ​ អ្នក​អាច​សុំ​យោបល់​ពី​សមាជិក​ក្រុម​ទាំង​អស់​ឲ្យ​បញ្ចេញ​មតិ​ ទៅ​លើ​ផែនការ​សកម្មភាព ​និង​គោល​បំណង​តូចៗ​ដែល​អាច​ជួយ​សម្រេច​គោល​ដៅ​រួម។
២. បង្ហាញ​គ្រប់​សមាជិក​ឲ្យ​ដឹង​ពី​សារៈសំខាន់​នៃ​ស្មារតី​ក្រុម។ អ្នក​អាច​ពន្យល់​ដល់​សមាជិក​ទាំង​អស់​ឲ្យ​បង្កើន​ការ​ប្ដេជ្ញា​ចិត្ត និង​លើក​ទឹក​ចិត្ត​ឲ្យ​មាន​ភាព​រីករាយ​ និង​ថាមពល​ធ្វើការ​ជា​ក្រុម។
៣.​ បែងចែក​តួនាទី​សមាជិក​ក្រុម​ឲ្យ​បាន​ច្បាស់។ បើ​គ្មាន​ការ​បែង​ចែក​ការងារ​ច្បាស់​លាស់​ក្រុម​មួយ​មិន​អាច​ដើរ​ទៅ​មុខ​ដោយ ​រលូន​នោះ​ទេ។ ការ​បែង​ចែក​ការងារ​អាច​ជួយ​ឲ្យ​សមាជិក​ទាំង​ទាំង​អស់​ដឹង​ពី​ការងារ​ និង​ទំនួល​ខុស​ត្រូវ​របស់​ខ្លួន​ ដូច​ជា​ អ្នក​ដឹកនាំ អ្នក​ទំនាក់​ទំនង​ អ្នក​ផ្ដល់​ប្រឹក្សា​ និង​អ្នក​អនុវត្ត​គម្រោង​ការ​ជាដើម។
៤. ត្រូវ​ឲ្យ​តម្លៃ​សមាជិក​ទាំង​អស់​ស្មើ​គ្នា​ នៅ​ពេល​ដែល​គេ​បំពេញ​ការងារ​បាន​ល្អ។ ធម្មតា ​នៅ​ពេល​ដែល​មិត្ត​រួម​ក្រុម​ធ្វើ​ការងារ​មួយ​បាន​ល្អ ​សមាជិក​ក្នុង​ក្រុម​តែង​មាន​សេចក្ដី​រំភើប​ និង​ចង់​ធ្វើ​ការងារ​​ព្រោះ​ខ្លួន​ជា​មនុស្ស​ម្នាក់​ក្នុង​ក្រុម​ខ្លាំង​នោះ ​។ ផ្ទុយ​ទៅ​វិញ​បើ​​អ្នក​ដឹកនាំ​ត្រូវ​ដង​ត្រូវ​ផ្លែ​ជាមួយ​ជន​មួយ​ចំនួន​នោះ​ អាច​ឲ្យ​សមាជិក​បាត់​បង់​ជំនឿ​ចិត្ត​ និង​លែង​ចង់​បំពេញ​ភារកិច្ច​របស់​ខ្លួន​តទៅ​មុខ​ទៀត។
៥. ​ផ្ដល់​ធនធាន​គ្រប់​គ្រាន់​ដល់​សមាជិក​ដើម្បី​សម្រេច​គោល​ដៅ​រួម។ ធនធាន​ជា​រឿង​ដ៏​សំខាន់​ បើ​គ្មាន​ធនធាន​គ្រប់​គ្រាន់​ក្នុង​ការ​បំពេញ​ការងារ ​នោះ​​លទ្ធផល​ដែល​ទទួល​បាន​ក៏​ប្រាកដ​ជា​មាន​ដែន​កំណត់​ដែរ។
៦. ដោះស្រាយ​ជម្លោះ​ឲ្យ​មាន​ប្រសិទ្ធិ​ភាព​។ ទោះ​បី​ជា​ក្រុម​ការងារ​របស់​អ្នក​ធ្វើ​ការ​ដោយ​រលូន​ និង​អភិវឌ្ឍន៍​យ៉ាង​ណា​ក៏​ដោយ ​ជម្លោះ​រមែង​កើត​មាន​មិន​អាច​ជៀស​ផុត។ ប្រសិន​បើ​ជម្លោះ​នោះ​ជា​ជម្លោះ​ដើម្បី​ស្ថាបនា​ដូច​ជា​ការ​បញ្ចេញ​គំនិត​ ល្អៗ​ដែល​មាន​ហេតុ​ផល​ប្រឆាំង​គ្នា​ អ្នក​អាច​ទទួល​យក​បាន។ ប៉ុន្តែ​ប្រសិន​បើ​ជា​ជម្លោះ​បែប​ហិង្សា​ត្រូវ​រិះ​រក​វិធានការ​បន្ទាន់​ដោយ ​មិន​ត្រូវ​កាន់​ជើង​ម្ខាង​ៗ​នោះ​ទេ គឺ​ត្រូវ​កាត់​សេចក្ដី​ដោយ​រក​ដំណោះ​ស្រាយ​មួយ​ដ៏​សមស្រប​សម្រាប់​ភាគី​ទាំង ​សង​ខាង។